កំពង់ធំ : នៅព្រឹកថ្ងៃទី ៣០ខែមីនា ឆ្នាំ ២០២៤ លោកជំទាវ សាយ សំអាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងសហការី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតជាចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំនិងលោកជំទាវ និងឯកឧត្តម ថា យ៉ាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំព្រមទាំងលោកជំទាវ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់រង្វាន់លើកទឹកចិត្តក៏ដូចជាការអបអរសាទរកំសាន្តសប្បាយឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំរោងដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ថ្លែងនៅក្នុងកម្មវិធីនេះលោកជំទាវបានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអ្នកតំណាងរាស្ត្រនិងលោកជំទាវ ដល់ថ្នាក់ដឹកនាំក៏ដូចជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ដែលតែងតែយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋ មិនថាយប់ ថ្ងៃ ដោយមិនខ្លាចនឿយហត់ ក៏ដូចជារួបរួមសាមគ្គីគ្នា សហការគ្នាក្នុងការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានភាពរីកចម្រើនជាលំដាប់។
ជាមួយគ្នានេះដែរ លោកជំទាវ សាយ សំអាត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋជាពិសេសសមាជិកសមាជិកាគណបក្ស ដែលបានជឿជាក់ដល់ថ្នាក់ដឹកនាំគណបក្សប្រជាជន ជាពិសេសនាំគ្នាបោះឆ្នោតជូនគណបក្សក្នុងការគាំទ្រសម្ដេចមហាបវរ ធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧នេះដើម្បីបន្តដឺកនាំនាវាកម្ពុជាប្រកបដោយការរីកចំរើនយ៉ាងឆាប់រហ័ស និងសុខសន្តិភាពផងដែរ។
ទន្ទឹមនឹងនេះ លោកជំទាវក៏បានណែនាំដល់សមាជិកសមាជិកា គណបក្សតាំងពីថ្នាក់សាខារហូតដល់គណៈចិន្ត្រៃយ៍ស្រុក សូមបន្ត ផ្តល់សេវានិងដោះស្រាយបញ្ហា ព្រមទាំង ធ្វើអំពើល្អនិងបង្កើតនូវអនុស្សាវរីយ៍ល្អៗ ថ្មីៗថែមទៀតជាមួយប្រជាពលរដ្ឋ និងសមាជិក សមាជិកាដើម្បីឲ្យប្រជាពលរដ្ឋទទួលបាននូវភាពកក់ក្តៅ និងទទួលបានមកវិញនូវការគាំទ្រពេញទំហឹងពីប្រជាពលរដ្ឋវិញផង។
គួរបញ្ជាក់ផងដែរថានៅក្នុងឱកាសនេះលោកជំទាវក៏បានជូននូវថវិកាចំនួន 50 ម៉ឺនរៀល ស្រាបៀរ 10 កេះនិងភេសជ្ជៈ 5 កេះដល់គណបក្សឃុំនីមួយៗ ទាំង១៣ឃុំ និងគណបក្សស្រុកក៏ទទួលបានដូចគ្នានេះផងដែរ។