Sponsored

សម្តេចបវរធិបតី អំពាវនាវឱ្យពលរដ្ឋ កុំរុញឱ្យបញ្ហាព្រំដែនជាមួយថៃ ឈានដល់ជម្លោះជាតិសាសន៍

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ត្រូវមានការជឿទុកចិត្ត លើរដ្ឋាភិបាល និងកងកម្លាំង ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយភាគីថៃ ជាពិសេសតំបន់មានជម្លោះកើតឡើង ដោយអំពាវនាវ កុំរុញឱ្យបញ្ហានេះ ឈានទៅជាជម្លោះស្អប់ខ្ពើមជាតិសាសន៍ រវាងប្រទេសទាំងពីរ ។


ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និង សមិទ្ធផលនានា​ ក្នុងវិស័យអប់រំខេត្តរតនគិរី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនជាចំណងដៃ ដល់ប្រជាពលរដ្ឋនៅខេត្តរតនគិរី នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្មីៗនេះមានពលរដ្ឋថៃ ប្រមាណជាង២០០នាក់ បានទៅធ្វើបាតុកម្ម នៅមុខស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នាទីក្រុងបាំងកក ដែលទង្វើនេះ ផ្ទុះឡើងដោយចលនាជាតិនិយមជ្រុលរបស់ពលរដ្ឋថៃមួយចំនួនតូច។



ក្នុងន័យនេះ សម្តេចធិបតី បានថ្លែងអំណរគុណ ដល់ពលរដ្ឋកម្ពុជា ដែលមិនបានរុញបញ្ហានេះ ឱ្យកាន់តែរីកធំឡើង ហើយបានទុកចិត្តដល់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ជាមួយភាគីថៃ ដោយប្រើប្រាស់យន្តការដែលមានស្រាប់ផង និងការប្តឹងទៅកាន់តុលាការអន្តរជាតិ (ICJ) លើបញ្ហានេះ ។

សម្តេចធិបតី បានអំពាវនាវឱ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេស ធ្វើយ៉ាងណាកុំឱ្យបញ្ហាដោះស្រាយ នៅចំណុចព្រំដែនប៉ុ​ន្មានចំណុច ទៅជារឿងរាលដាលរហូតក្លាយទៅជា​ជម្លោះជាតិសាសន៍ ដោយនេះគឺមិនចំណេញ សម្រាប់ប្រជាពលរដ្ឋទាំងពីរនោះទេ ។


សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ហើយក៏សូមឱ្យបងប្អូនសាជាថ្មី ចូលរួមកុំពង្រីកសភាពការណ៍ឱ្យលើសពីអ្វីដែលជាការចាំបាច់ ជាពិសេសគឺការចាប់ផ្តើមកែនគ្នា ស្អប់ជនជាតិ រើសអើងជាមួយជនជាតិ នៃប្រទេសមួយ វាធ្វើឱ្យប្រទាញប្រទុងគ្នា អ្នកជាតិនិយមជ្រុល អ្នកដែលមានស្មារតីជ្រុលនិយមជ្រុល ប្រកាន់ជំហរជ្រុល មានមួយក្តាប់តូចទេ​នៅក្នុងប្រទេសទាំងសងខាង ប៉ុន្តែបើសិនអ្នកទាំងនេះ ផ្លុំចូលត្រចៀកអ្នកផ្សេង អ្នកផ្សេងចាប់ផ្តើមធ្វើសកម្មភាពបែបនេះ ហ្នឹងហើយគឺការពង្រីកសមរភូមិ សមរភូមិមិនមែនត្រៀមប្រយុទ្ធតែនៅទិសភូមិភាគ៤ និងកងទ័ពទេ គឺសមរភូមិ រវាងប្រជាជននិងប្រជាជន រវាងសេដ្ឋកិច្ចនិងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរតែម្តងហើយរយៈពេលវែង នេះគឺជាការរួមគ្នា»។



សូមបញ្ជាក់ថា មានការប៉ះទង្គិចគ្នាមួយ កើតឡើងរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានបាញ់ប្រហារមុន​ មកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់៕

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.

Top Post Ad

Bottom Post Ad

Ads