កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលរយៈពេល០៦ខែ ឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ


កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលរយៈពេល០៦ខែ ឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាកា


(កំពង់ធំ)÷ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានធ្វើជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីកិច្ចប្រជុំបូកសរុបលទ្ធផល រយៈពេល០៦ខែ ឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីលោក-លោកស្រីព្រះរាជអាជ្ញារង និងលោក-លោកស្រីក្រឡាបញ្ជី នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។


ឯកឧត្តមព្រះរាជអាជ្ញា មានមតិលើកឡើងនូវចំណុច៣សំខាន់ៗដូចខាងក្រោម÷

១. សូមកោតសរសើរ និងថ្លែងអំណរគុណដល់លោក-លោកស្រីចៅក្រម លោក-លោកស្រីព្រះរាជអាជ្ញារង លោក-លោកស្រីក្រឡាបញ្ជី និងមន្រ្តីនៃលេខាធិការដ្ឋានរដ្ឋបាលទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ចូលរួមចំណែកក្នុងការអនុវត្តយុទ្ធនាការខាងលើ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អប្រសើរ ដោយបានចំណាត់ថ្នាក់លេខ៣ នៅទូទាំងប្រទេស។

២. ពង្រឹង និងបន្តអនុវត្តយុទ្ធនាការនេះសម្រាប់រយៈពេលនៅសល់០៦ខែទៀត ក្នុងឆ្នាំ២០២៥។ ចំពោះសំណុំរឿងចាស់ឆ្នាំ២០២៤ ដែលនៅសេសសល់កំពុងចាត់ការ ត្រូវធ្វើយ៉ាងណាចាត់ការដោះស្រាយឱ្យបានរួចរាល់ទាំងស្រុងក្នុងដំណាច់ឆ្នាំ២០២៥ ខាងមុខនេះ។

៣. ចំពោះសំណុំរឿងព្រហ្មទណ្ឌអាទិភាពទាំង ៤ (គ្រឿងញៀន ចរាចរណ៍ ក្មេងទំនើង និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams) ត្រូវពិនិត្យឱ្យបានត្រឹមត្រូវច្បាស់លាស់ ម៉ឺងម៉ាត់ យុត្តិធម៌ តម្លាភាព និងឆាប់រហ័ស។


ជាចុងក្រោយឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានជំរុញ និងលើកទឹកចិត្តមន្ត្រីទាំងអស់ ត្រូវបន្តអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវបំពេញបន្ថែមនូវចំណុចខ្វះខាតទាំងឡាយ ដើម្បីធានាប្រសិទ្ធភាពនៃការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។ 

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.